«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។»
តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់?
នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន?
តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាក្រញាញ់ពិតមែន?
តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាខ្មៅពិតមែន?
វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។ មិនមែនគ្រប់ពាក្យទាំងអស់ដែលមាននៅក្នុងវចនានុក្រម ឬសៀវភៅ សុទ្ធតែអាចយកមកប្រើសម្រាប់ហៅអ្នកនេះអ្នកនោះ នោះទេ។ មនុស្សគ្រប់រូបសុទ្ធតែមានឈ្មោះសម្រាប់ហៅ យើងគ្មានហេតុផលអ្វីទៅពិពណ៌នាពីអ្នកដ៏ទៃដោយគ្មានការស្នើរសុំពីសម៉ីខ្លួននោះទេ។
យើងចង់អោយខ្លួនរបស់យើងស្អាត ហេតុអ្វីត្រូវទៅលាបពណ៌ដាក់ខ្លួនអ្នកដ៏ទៃ?
Comments
Post a Comment